ទីបំផុតជើងខ្លំាងដៃដល់ រឿងបាញ់បោះអ្នកបើករថយន្តនៅព្រៃវែងនោះ ចូលខ្លួនមកស្នងការហើយ…..(មានរូបផ្សេង)

ខេត្តព្រៃវែង ៖ ជនដៃដល់ដែលជាមន្ដ្រីនគរបាល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឈ្មោះ ជឹម រតនៈ នៅទីបំផុតទៅ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានយល់ព្រមចូលខ្លួនមកសារភាព និងទទួលទោសទណ្ឌរបស់ខ្លួនហើយ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងនៅមុននេះបន្ដិចថា «ជនដៃដល់ ជឹម រតនៈ បានយល់ព្រមចូលខ្លួនទទួលទោស កំហុសហើយ នៅពេលនេះសមត្ថកិច្ចកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង»។សូមបញ្ជាក់ថា ករណីបាញ់អ្នកបើករថយន្ដម្នាក់ ដោយចោទប្រកាន់ថា ជាចោរលួចរថយន្ដនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានា នៅក្នុងមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែងនោះ គិតត្រឹមរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ជនពាក់ព័ន្ធនៅក្នុងអំពើមមួយនេះ ចំនួន៦នាក់ ក្នុងនោះ មានទាំងនាយនគរបាលប៉ុស្ដិ៍ម្នាក់ផង ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ដើម្បីបញ្ជូនទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់។អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយបី ឆាយ គឹមខឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រៅពីជនពាក់ព័ន្ធទាំង៦នាក់ សមត្ថកិច្ចក៏បានហៅមនុស្សចំនួន៤នាក់ផ្សេងទៀត ប៉ុន្ដែគ្រាន់តែជាសាក្សី និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ តែនៅពេលសមត្ថកិច្ចត្រូវការសួរនាំនោះ ពួកគេត្រូវការចូលខ្លួនមកបំភ្លឺ តាមការកោះអញ្ជើញ។យោងតាមព័ត៌មានពីមូលដ្ឋានឈ្មោះ ជឹម រតនៈ នេះជាកូនប្រុសលោក ជឹម សុខ ដែលនិយមហៅថា ជាឧកញ៉ា រកស៊ីទិញលក់គោ ក្របី និងនាំទៅកាន់ប្រទេសវៀតណាមដ៏ល្បីមួយ នៅក្នុងទឹកដីខេត្តព្រៃវែង។យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវ ឃាត់ខ្លួននោះ រួមមាន៖*ទី១៖ លោកអនុសេនីយ៍ឯក ជា ឡាឌីន នាយនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលជាអ្នកដឹកនាំកម្លាំងដោយផ្ទាល់ប្រព្រឹត្តបទល្មើសមួយនេះ*ទី២៖ លោកអនុសេនីយ៍ទោ ជឹម វិន មន្ដ្រីនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលត្រូវជាក្មួយបង្កើតរបស់លោកឧកញ៉ា ជឹម សុខ*ទី៣៖ ឈ្មោះ វ៉ែន ប៊ុនសារ៉ាក់ ដែលជាអ្នករួមដំណើរនៅក្នុងប្រតិបត្តិការនេះ*ទី៤៖ ឈ្មោះ សេង ឈិន ដែលជាម្ចាស់បណ្ដឹងដោយចោទជនរងគ្រោះជាចោរ*ទី៥៖ ឈ្មោះ ផាន់ សុឌី*ទី៦៖ ឈ្មោះ ឈុន ឡាយ ដែលជនទាំងពីរនាក់ ជាមិត្តភ័ក្ររបស់ដើមបណ្ដឹង ហើយត្រូវបានសមត្ថកិច្ចចោទថា ផ្ដល់សក្ខីកម្មមិនពិត ដែលនាំឲ្យមានការផ្ទុះអាវុធ រហូតស្លាប់ជនរងគ្រោះតែម្ដង។លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំជនសង្ស័យទាំង៦នាក់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញ កម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយគ្រឿង ម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AF-2679។ ការដេញតាមរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាជនសង្ស័យក្នុងអំពើលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹងមកសមត្ថកិច្ច ស្រុកព្រះស្តេច ថាជាចោរលួច រហូតកម្លាំងសមត្ថកិច្ច បើកប្រតិបត្តិការបាញ់ប់ជនរងគ្រោះតែម្តង៕