ស្ទើរតែមិនជឿសោះថា ជាគ្រូសីលធម៌ពលរដ្ធ តែបែរជាធ្វើដល់ថ្នាក់នេះដាក់សិស្ស រហូតសិស្សឡើងតវ៉ាថា….

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានសិស្សថ្នាក់ទី៧មួយចំនួន នៃវិទ្យាល័យកោះកុង បានថ្លែងចោទប្រកាន់ចំពោះ អ្នកគ្រូ លឹម សុវណ្ណនី ដែលជាគ្រូបង្រៀនមុខវិជ្ជា ពលរដ្ឋ និង សីលធម៌ ថ្នាក់ទី៧ A-E នៃសាលាវិទ្យាល័យកោះកុង និង ត្រូវជាក្មួយស្រី របស់លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុង ថាបានលក់វិញ្ញាសារថ្លៃកប់ពពក ដោយក្នុង១សន្លឹក មាន តម្លៃចាប់ពី៥ពាន់រៀល ទៅ១ម៉ឺនរៀល ដែលជាហេតុធ្វើអោយសិស្សក្រីក្រជាច្រើនពុំមានលទ្ធភាពក្នុងការទិញវិញ្ញាសាររបស់អ្នកគ្រូ ការលើកឡើងខាងលើបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកសារព័ត៌មានយើងបានចុះទៅយកព័ត៌មានដល់សាលាវិទ្យាល័យកោះកុង។បើទោះបីជាមានសិស្សជាច្រើនបានថ្លែងទទួលស្គាល់ថាពួកគេពិតជាបានទិញវិញ្ញសារក្នុងតម្លៃចាប់ពី៥ពាន់ទៅ១ម៉ឺនយ៉ាងណាក្តី ក៏អ្នកគ្រូ លឹម សុវណ្ណនី បានថ្លែងបដិសេធថា អ្នកគ្រូមិនបានលក់វិញ្ញាសារអោយទៅសិស្សដូចការចោទប្រកាន់នោះទេ ការដែលអុ្នកគ្រូយកលុយពីសិស្សក្នុងម្នាក់៥ពាន់រៀលនោះ គឺជាកម្រៃពលកម្មរបស់អ្នកគ្រូក្នុងការបង្រៀនគួរសិស្សទាំងនោះទៅវិញទេ។លោក ម៉ែន   ស៊ីថាត នាយកសាលាវិទ្យាល័យកោះកុងបានថ្លែងថា ចំពោះបាតុភាពមិនប្រក្រតី នៃការលក់វិញ្ញសារបស់អ្នកគ្រូ លឹម សុវណ្ណនី ត្រូវបានខាងសាលា ធ្វើរបាយការណ៏បញ្ជូនទៅមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុងរួចហើយ ហើយចំពោះចំណាត់ការបែបណាចំពោះរឿងរ៉ាវខាងលើនោះ គឺស្រេចតែខាងលោកប្រធានមន្ទីរនោះទេ។ជុំវិញបាតុភាពមិនប្រក្រតីខាងលើ ភ្នាក់ងារយើងនៅពុំទាន់អាចសុំការបំភ្លឺពីលោក ង៉ែត ឡឹង បាននៅឡើយទេ ដោយលោកគ្រាន់តែបានឆ្លើយទទួលស្គាល់តាមទូរស័ព្ទថា អ្នកគ្រូ លឹម សុវណ្ណនី ពិតជាក្មួយរបស់លោកមែន តែចំពោះចំណាត់ការយ៉ាងណានោះលោកនៅពុំទាន់បានបកស្រាយនៅឡើយទេ ដោយបានប្រាប់ថាពេលនេះលោកកំពុងជាប់រវល់។ មតិមហាជនជាច្រើនបានលើកឡើងថាចាំមើល ចំពោះការធ្វើខុសបទបញ្ជាផ្ទៃក្នុង របស់សាលាពីសំណាក់អ្នកគ្រូ លឹម សុវណ្ណនី ដែលត្រូវជាក្មួយស្រីរបស់លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុង អាចនិងមានចំណាត់ការពីសំណាក់មន្ទីរដែររឬទេ បើស្តោះលើទ្រូងឯងបែបនេះ៕