បរទេស៖ ជុំវិញរឿងរ៉ាវធ្លាក់យន្តិហោះ មិនបាច់និយាយច្រើនក៏ប្រិយមិត្តខ្លះបានជ្រាបរួចមកហើយ ដោយឡែកអ្នកលេងបណ្តាញសង្គមបានសម្តែងការសោកស្តាយនិងភ្ញាក់ផ្អើលខ្លាំងពីស្ដ្រីជាអ្នកដំណើរម្នាក់រួមទាំងកូនៗរបស់គាត់ ដែលបានបង្ហោះមុនពេលយន្តហោះប៊ូអ៊ីងមួយគ្រឿង
ផ្ទុកមនុស្សចំនួន ៦២នាក់បានជួបឧបទ្ទវហេតុធ្លាក់ចូលក្នុងសមុទ្រ កាលពីរសៀលថ្ងៃសៅរ៍សប្ដាហ៍មុន។ ជាក់ស្តែងរូបថត Selfie មួយសន្លឹករបស់ស្ដ្រីជាម្ដាយឈ្មោះ Ratih Windania បានថតជុំគ្នាជាមួយកូនៗរបស់គាត់ ខណៈពេលនៅក្នុងយន្ដហោះ ហើយភ្ជាប់ជាមួយសារដ៏រំជួលចិត្ដមួយទៀត
ដែលបង្ហោះមុនពេលចេញដំណើរ ដោយបានសរសេរថា៖ លាហើយគ្រួសារ…ឥឡូវនេះ យើងកំពុងធ្វើដំណើរទៅផ្ទះ។ ប្អូនប្រុសរបស់អ្នកស្រី Ratih បានឲ្យដឹងដែរថា បងស្រីរបស់លោក និងកូនចំនួនពីរនាក់បានឈប់សម្រាករយៈពេល៣សប្ដាហ៍ ហើយបានធ្វើដំណើរចម្ងាយ ៧៥០គីឡូម៉ែត្រទៅលេងផ្ទះ
នៅទីក្រុង Pontianak។ ដំបូងឡើយ ពួកគេគ្រោងនឹងធ្វើដំណើរតាមជើងហោះហើរផ្សេង ប៉ុន្ដែមិនដឹងយ៉ាងម៉េចស្រាប់តែផ្លាស់ប្ដូរជើងហោះហើរវិញ។ លោក គឺជាអ្នកដឹកពួកគេទៅព្រលានយន្ដហោះ ហើយលោកនៅតែមិនអស់ចិត្ដថាយន្ដហោះនេះធ្លាក់ ព្រោះវាកើតឡើងលឿនពេកផងដែរ៕