មិនធម្មតាទេ! បញ្ជូនខ្លួនចោរមុខដដែលៗ ទៅតុលាការនេះលើកទី៤ហើយដែលចាប់បានព្រោះករណី…….

​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃទី​២៣ ​ខែឧសភា​ ​ឆ្នាំ​២០១៩ ​ពាក់ព័ន្ធ​បទល្មើស​ឆក់​ដដែល​។​ ជនសង្ស័យ​ជា​ចោរឆក់​ម្នាក់​ឈ្មោះ ចាន់ សុខ​ពៅ ដែល​ជាប់​ពន្ធនាគារ​រាប់​ភ្លេច និង​មិន​ចេះ​ជាប់​បាន​យូរ ត្រូវ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ ការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​សារ​ជា​ថ្មី​ទៀត​។ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​ពៅ មាន​រហស្សនាម​ច្រើន​ដូច​ជា ៖ សុង​ពៅ​, ពៅ​ម៉ា​ប់​, ចាន់​, សុខ និង​សុខ​ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៩A ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។តាម​ប្រភពពី​សមត្ថកិច្ច​ ​ជនសង្ស័យ​ខាងលើ​ ធ្លាប់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួន​លើក​ទី​១​ កាលពី​អំឡុង​ឆ្នាំ​២០១៤ ​ពាក់ព័ន្ធ​ករណី​ឆក់​ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ​ហើយ​ត្រូវ​លោក​ចៅក្រម​ ​ជា​ ​សុខ​ហៀ​ង​ ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​។​​ក្រោយមក​ ជនសង្ស័យ​ឈ្មោះ​ ​ចាន់​ ​សុខ​ពៅ​ ​ហៅ​ ​ម៉ាប់ ​ត្រូវ​នគរបាល​ខណ្ឌចំការមន​ ឃាត់ខ្លួន​ជា​លើក​ទី​២ ​នៅ​អំឡុង​ឆ្នាំ​២០១៦ ​ពាក់ព័ន្ធ​ករណី​ឆក់​ទៀត​ នៅក្នុង​សង្កាត់​ ទន្លេបាសាក់​ និង​ត្រូវ​លោក​ចៅក្រម​ ​ពេជ្រ​ ​វិជ្ជាធរ​ ​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​។​​បន្ទាប់ពី​ជាប់ពន្ធនាគារ​មួយរយៈ​ នៅ​ថ្ងៃទី​០៦ ​ខែកក្កដា ​ឆ្នាំ​២០១៧ ​នគរបាល​ខណ្ឌ​៧​មករា​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ ​ចាន់​ ​សុខ​ពៅ​ ​ហៅ​ ​ម៉ាប់​ ​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប របស់​ជនជាតិ​ចិន​ឈ្មោះ​ ​ចាង​ ​វ៉ៃ​អ៊ី​ ​ភេទ​ប្រុស​ ​អាយុ​ ៤៩​ឆ្នាំ​ ​នៅ​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ​កែង​ផ្លូវ​សម្ដេច​សុធារស​ ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​សូម​ជម្រាប​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​របស់​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ LiLi នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤១៨ ក្រុម​២១ ភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៩ ។