ថៃ ៖ និស្សិត Tawanploy Twt សព្វថ្ងៃមានវ័យ ២២ឆ្នាំប៉ុណ្ណោះ កំពុងសិក្សានៅខេត្តNakhon Sawan។ បើតាមការរៀបរាប់ គឺគ្រួសាររបស់នាងក្រីក្រខ្លាំងណាស់ មិនអាចទំនុកបម្រុងឱ្យនាងបានរៀនសូត្រឡើយ។ ដូចនេះហើយ នាងត្រូវខំប្រឹងរកការងារធ្វើ ទើបអាចផ្គត់ផ្គង់ការរៀនសូត្រដោយខ្លួនឯង។ ប៉ុន្តែ ការជួបគ្រោះថ្នាក់មួយនេះ ពិតជាធ្វើឱ្យនាងសោកស្ដាយខ្លាំងបំផុត និងគិតថាជីវិតគ្មានន័យទៀតផង៕បើតាមប្រភពព័ត៌មានពីប្រទេសថៃ Khaosod បានឱ្យដឹងថា និស្សិត Tawanploy Twt បានបន្តការសិក្សាថ្នាក់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំទី៤ ឆមាសទី២ ទៅហើយ។ ដោយសារការខ្វះខាតក្នុងការផ្គត់ផ្គង់លើការរៀនសូត្រ នាងបានសម្រេចចិត្តធ្វើការក្នុងសណ្ឋាគារ។ ពេលកំពុងធ្វើការនោះ នាងបានជួបគ្រោះថ្នាក់កៀបជាមួយម៉ាស៊ីនអ៊ុតខ្នាតធំរបស់សណ្ឋាគារ
បណ្ដាលឱ្យបាក់ឆ្អឹងម្រាមទាំង៤ និងរលាកខ្លោចអស់។នាងបានរៀបរាប់ថា ពេលនេះនាងបានរៀនសូត្រខ្ពង់ខ្ពស់ ជិតចប់ថ្នាក់បរិញ្ញាបត្រ ចង់ស្វែងរកការងារក្នុងក្ដីស្រមៃធ្វើ ប៉ុន្តែប្រហែលជាជួបការលំបាកហើយ ព្រោះតែពិកាម្រាមដៃដល់ទៅ៤ បែបនេះ។ រហូតមកដល់ពេលនេះ នាងនៅតែមិនអាចធ្វើចិត្ត មិនអាចទទួលយកអ្វីដែលកើតឡើងឡើយ ព្រោះការបាត់បង់អវយវៈដែលម្ដាយឪពុកផ្ដល់ឱ្យនេះ ពិតជាធ្វើឱ្យនាងមានការឈឺចាប់យ៉ាងខ្លាំង។